ខេត្តប៉ៃលិន ៖
បន្ទាប់ពីទឹកជំនន់បានវាយប្រហារដំណាំពោតរបស់ប្រជាកសិករ
បណ្តាលឱ្យខូចខាតអស់រាប់សិបហិកតា
និងនៅសល់មួយចំនួនអាចឱ្យកសិករប្រមូលផលលក់បានខ្លះ
តែគួរឱ្យសោកស្តាយតម្លៃពោតនៅចុងឆ្នាំ២០១៣
នេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់
ដោយក្នុង១គីឡូក្រាមឈ្មួញទិញទាំងស្នូលត្រឹមតែ៣,៧បាតលុយថៃ
ប៉ុណ្ណោះ
ខុសពីឆ្នាំមុនក្នុង១គីឡូក្រាមឈ្មួញទិញទាំងស្នូលតម្លៃពី៥ទៅ
៦បាត ។
ប្រភពព័ត៌មានពីប្រជាកសិករជាច្រើននាក់នៅ
ក្រុងប៉ៃលិន បានឱ្យដឹងថា
នៅចុងឆ្នាំនេះតម្លៃពោតរបស់ពួកគាត់បានធ្លាក់ចុះខ្លាំង
គួរឱ្យព្រួយបារម្ភ ។
ពួកគាត់ម្នាក់ៗសុទ្ធតែទៅចងការប្រាក់គេដើម្បីយកទៅទិញគ្រាប់
ពូជ
និងទិញថ្នាំបាញ់ស្មៅព្រមទាំងជួលកម្មករជម្រះស្មៅអស់ជាច្រើន
ដោយសង្ឃឹមថា ពេលប្រមូលផលអាចលក់បានសល់លុយសងបំណុលគេខ្លះ
និងទុកខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាព ។
ប៉ុន្តែអ្វីដែលពួកគាត់បានគិតគឺផ្ទុយស្រឡះ
ព្រោះតម្លៃពោតបានធ្លាក់ចុះរហូតនៅសល់ត្រឹមតែ៣,៧បាតប៉ុណ្ណោះ
ក្នុង១គីឡូក្រាម ។
នៅតាមស្តង់ពោតមួយចំនួនឈ្មួញអត់ទិញទេ
គឺទាល់តែពោតមានពណ៌សម្បុរល្អ ធំថ្លោសៗទើបគេទិញ ។
ពួកគាត់អត់ដឹងពីមូលហេតុដែលនាំឱ្យតម្លៃពោតធ្លាក់ចុះទេ
ព្រោះជារៀងរាល់ថ្ងៃអត់ឃើញមានឈ្មួញថៃចូលទិញដល់ចម្ការដូចសព្វ
ដងឡើយ គឺឃើញតែឈ្មួញខ្មែរដើរទិញប៉ុណ្ណោះ ។
លុះពេលគាត់សួរនាំរកហេតុផលដែលធ្វើឱ្យតម្លៃពោតចុះថោក
ឈ្មួញទាំងនោះប្រាប់ថា ដោយសារតែពន្ធនាំចេញទាំងខាងខ្មែរ
និងខាងថៃយកថ្លៃពេក
ដូច្នេះហើយបានជាពួកគេបញ្ចុះតម្លៃពោតបែបនេះ ។
លោក ហ៊ាង លេវ អាយុ៣៦ឆ្នាំ
ជាម្ចាស់ស្តង់ពោតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ
បានរៀបរាប់ថា នៅចុងឆ្នាំ២០១៣នេះ
គាត់ទិញពោតទាំងស្នូល១គីឡូក្រាមថ្លៃ៣,៧បាត
ហើយបើកិនជាគ្រាប់ហើយគាត់ក៏អត់ទិញដែរ ។ កាលពីឆ្នាំមុន
គាត់ដើរទិញពោតក្នុង១គីឡូក្រាមថ្លៃ៥ទៅ៦បាត ។
មូលហេតុដែលពោតចុះថោក លោក ហា៊ង លេវ ឱ្យដឹងថា
ដោយសារតែច្រកព្រំដែនផ្នែកខាងខ្មែរ
និងខាងថៃតម្រូវឱ្យបង់ពន្ធថ្លៃពេក
ដោយគាត់នាំចេញទៅលក់ម្តងៗពោតចំនួន៥០តោន
គាត់បង់ពន្ធអស់ចំនួន៤ម៉ឺនបាត ។
ប្រភពៈ SKD168
No comments:
Post a Comment