Saturday, November 30, 2013

ប្រជាពលរដ្ឋ​ភ្នំពេញ ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ក្លិន ដ៏​ស្អុយ​អសោច ពី​គំនរ​សំរាម

គំនរសំរាមនៅក្បែរសាកលវិទ្យាល័យបៀលប្រាយ
ភ្នំពេញ: ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​ខឹងសម្បារ និង​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ក្លិន​ដ៏​ស្អុយ​អសោច ចេញពី​គំនរ​សំរាម នៅតាម​ដងផ្លូវ​នានា​ជាច្រើន​។ ជាពិសេស​នៅ​ផ្លូវ​លេខ​ ៦១ ខាងក្រោយ​មន្ទីរពេទ្យ​ជប៉ុន ខាងមុខ​វត្ត​ស្រះចក និង​នៅ​ផ្លូវ​លេខ​១១៨ បេនឡាន​បាត់ដំបង ក្នុង​ទឹកដី​ខណ្ឌដូនពេញ និង​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ផ្លូវ​សុធារស គឺ​នៅលើ​សួន​ការ៉ូឡា ក៏មាន​គំនរ​សំរាម​ផងដែរ​។​

​ ស្ទើរតែ​គ្រប់​ទីកន្លែង កន្លុកកន្លៀត នៅ​រាជធានី​ភ្នំពេញ​តែម្តង  ដែល​ទុក​សំរាម​ច្រើន​ថ្ងៃ មិនឃើញ​ក្រុមហ៊ុន​ស៊ិន​ទ្រី មក​ប្រមូល​សោះ ដោយ​កន្លែង​ខ្លះ គរ​ទុកចោល​យូរថ្ងៃ​រហូត មាន​ចេញ​ដង្កូវ​វារ​ពេញ​ផ្លូវ ហើយ​កើតជា​រុយ​ដូច​ឃ្មុំ ។ មិន​ត្រឹមតែ​មិន​មក​ប្រមូល​សំរាម​ទេ ក្រុមហ៊ុន​មួយ​នេះ បាន​ដំឡើងថ្លៃ​ម​ន្ថែ​ម​ទៀត ។  ប្រការនេះ ជាហេតុ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​ផ្លូវដង្ហើម ចំពោះ​កុមារ​តូចៗ ។​

​ប្រជាពលរដ្ឋ បាន​និយាយ​ដោយ​ខឹងសម្បា​រថា ក្រុមហ៊ុន​ស៊ិន​ទ្រី មិន​មក​ប្រមូលយក​សំរាម ដោយ​ទុក​គរ​ចោល​នៅមុខ​ផ្ទះ លើ​សួន និង​នៅតាម​ដងផ្លូវ​នានា ទាល់តែ​ចេញ​ទឹក ជះក្លិន​ស្អុយ​អសោច ហើយ​កើតជា​រុយ​យ៉ាងច្រើន ហើយ​មាន​ទីតាំង​ខ្លះ ពេល​ហូ​យ​បាយ ត្រូវ​ហូប​ដាក់​មុង​ទាំង​ថ្ងៃ ទើបបាន បើ​មិន​ដូច្នេះ​ទេ មិនអាច​ហូបបាយ​កើត​ឡើយ ។

​ប្រជាពលរដ្ឋ បាន​និយាយទៀតថា បញ្ហា​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​អនាម័យ​បរិស្ថាន​របស់​ទីក្រុង​។ ជាងនេះទៅទៀត ក្លិន​ដ៏​ស្អុយ​ទាំងនេះ វា​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​កុមារ​តូចៗ  ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សោភ័ណភាព​ទីក្រុង​ស្អាត​របស់​យើង ដែលជា​បេះដូង​របស់​ប្រទេស​កម្ពុជា និង​ប្រាសចាក​ពី​ពាក្យស្លោក​មួយ​ឃ្លា ដែល​ពោលថា " ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ " ។​

​ប្រភព​ខាងលើ បាន​បន្តថា ក្រុមហ៊ុន​ស៊ិន​ទ្រី​នេះ ទុក​សំរាម​រហូតដល់ ៤-៥​ថ្ងៃ​ឡើងទៅ ប៉ុន្តែ​បើ​លុយ​វិញ ក្រុមហ៊ុន​បាន​សុំ​ដំឡើងថ្លៃ​រាល់​ខែ ដោយ​យក​ថ្លៃ ជាមួយ​សេវា​ភ្លើងអគ្គិសនី​កម្ពុជា មិន​បាត់​មួយ​សេន​ណា​ឡើយ ។​

​ ប្រជាពលរដ្ឋ បាន​សំណូមពរ​ឱ្យ​លោកនាយក​ក្រុមហ៊ុន​ស៊ិន​ទ្រី មេត្តាជួយ​ព​ន្លឿ​ន​ឱ្យ​រថយន្ត​ដឹក​សំរាម ទៅយក​សំរាម​កុំឱ្យ​ខកខាន ដូច្នេះ​ទៀត ព្រោះ​ពួកគាត់​ពិបាក​ក្នុង​ការរស់នៅ​យ៉ាងខ្លាំង និង​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​លោក​អភិបាល​រាជធានី​ភ្នំពេញ មេត្តា​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង ព្រោះ​ក្លិនស្អុយ​ដែល​ចេញពី​គំនរ​សំរាម​ទាំងនេះ កំពុងតែ​គំរាមកំហែង​ដល់​សុខភាព​ពួកគាត់​យ៉ាងខ្លាំង ហើយ​បញ្ហា​សំរាម​នេះ មិន​គ្រាន់តែ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ ឬ​បរិស្ថាន​ប៉ុណ្ណោះ​ទេ​។ សំរាម​ក៏​ជា​ឃាតក​លាក់​មុខ ក្នុងការ​សម្លាប់​ប្រជាពលរដ្ឋ​យើង បើ​មិនមាន​ការរៀបចំ​ទុកដាក់​ឲ្យ​បានល្អ​នោះ​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោកនាយក​ក្រុមហ៊ុន​ស៊ិន​ទ្រី​បានទេ ៕​

គំនរសំរាមនៅបេនឡានផ្សារថ្មី
សំរាមនៅខាងក្រោយមន្ទីរពេទ្យជប៉ុនមុខវត្តស្រះចក

ប្រភពៈ SKD168

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks