ក្រោយពីពេលរៀបការ
រួចមក
ប្ដីប្រពន្ធចាប់ផ្ដើមចោទជាសំណួរជាច្រើនក្នុងនោះមានការប្រាថ្នា
ចង់បានកូនប្រុសឬកូនស្រី
ដែលជាសំណួរដែលចោទឡើងញឹកញាប់ជាងគេបំផុត។
ហេតុអ្វីបានជាមានគភ៌កូនស្រីឬកូនប្រុស?តើគួរសម្រេចចិត្ដចង់បាន
ឬជ្រើស រើសកូនស្រីឬកូនប្រុសនៅពេលណាទើបបានសមតាមបំណង?
ទស្សនាវដ្ដី សុខភាពយើងនឹងចាប់ផ្ដើមបើកកកាយរឿងទាំងនេះ
ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ដឹង។
មុននឹងឈានទៅបកស្រាយអំពីវិធីសាស្ដ្រចង់បានកូនប្រុសឬកូនស្រី
ដូចបំណង និងទទួលបានជោគជ័យខ្ញុំសូមលើកមក
ជម្រាបជូនអំពីចំណេះដឹងវិទ្យាសាស្ដ្រទាក់ទងនឹងការមានគភ៌ជាកូន
ប្រុសឬកូនស្រីដែលជាមូលដ្ឋានគ្រឹះមួយចំនួនជាមុនសិន។ប្រវត្ដិក្រូម៉ូសូម រឿងរ៉ាវសេនេទិច
ផែនការនៃការផលិតសរីរាង្គកាយរបស់មនុស្ស ដែលជាកេរ្ដិ៍តំណែលសេនេទិចតគ្នាពីឪពុកម្ដាយមាននៅក្នុងកោសិកា នីមួយៗ នៃខ្លួនរបស់យើង។ ធាតុផ្សំសរីរៈរាង្គកាយ ដែលហៅម្យ៉ាងទៀតថា សេណូមវាផ្សំផ្ដុំឡើងពីអាស៊ីដដេអ៊ុកស៊ីនុយក្លេអ៊ិច (ឌណៅ) ដែលបានបង្កើតបានជាក្រូម៉ូសូម។
ក្រូម៉ូសូមស្ថិតនៅក្នុងកោសិការបស់យើង ជាគូឬជាសមាសភាគពីរ មួយទទួលបានពីឪពុកមួយទៀតបានមកពីម្ដាយ។ ក្នុង ចំណោមក្រូម៉ូសូមទាំង២៣គូ មានតែមួយគូគត់ដែលមិនដូចគ្នាទេ គឺក្រូម៉ូសូមភេទ។ ស្ដ្រីជាម្ដាយមានក្រូម៉ូសូមដូចគ្នាមួយគូ ឬចំនួនពីរ ដែលជាក្រូម៉ូសូមអ៊ិច(ខ)ទាំងពីរ រីឯបុរសមានក្រូម៉ូសូមអ៊ិច(ខ)មួយនិងក្រូម៉ូសូមតូចអ៊ីក្រិច(យ) មួយ។
តើភេទរបស់ទារកត្រូវបានកំណត់នៅពេលណា?
តើទារកមានភេទប្រុសឬភេទស្រី? ការជ្រើសរើសឬកំណត់ភេទកើតមានឡើងនៅពេលដែលមេជីវិតទាំងពីរជួប គ្នា(ការកកំណើត)។ ចំពោះការបង្កជាគភ៌ ឪពុកម្ដាយម្នាក់ៗត្រូវបង្កើតឬផលិតកាម៉ែត(គឺជាអូវុលឬមេជីវិតភេទ ស្រីសម្រាប់ស្ដ្រីជាម្ដាយ ឯ បុរសជាឪពុកជាស្ពែមម៉ាតូសូអ៊ីដ ឬមេជីវិតភេទប្រុស)។ ការបង្កកំណើតត្រូវមានកេរ្ដិ៍តំណែលសេនេទិចរបស់ឪពុកម្ដាយម្នាក់ ពាក់ កណ្ដាល ព្រោះថាក្រូម៉ូសូមដែលដូចគ្នានោះបានញែកចេញពីគ្នា។
ស្ដ្រីជាម្ដាយមានក្រូម៉ូសូមអ៊ិចចំនួន២។ អូវុលនឹងទទួលយកក្រូម៉ូសូមមួយក្នុងចំណោមក្រូម៉ូសូមអ៊ិចទាំងពីរ។ រីឯបុរសជា ឪពុកមានក្រូម៉ូសូមអ៊ិចចំនួនមួយ និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ។ ដូចគ្នាផងដែរស្ពែមម៉ាតូសូអ៊ីដមានក្រូម៉ូសូមអ៊ិចមួយ និងក្រូម៉ូសូម អ៊ីក្រិចមួយ។ ដោយហេតុថា ការកំណត់ភេទកើតឡើងនៅពេលមានការបង្កកំណើតជាពិសេសពេលស្ពែមម៉ាតូ សូអ៊ីដណាមួយរំលាយ ខ្លួនចូលគ្នាជាមួយអូវុល។
ប្រសិនបើស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមាន ក្រូម៉ូសូមអ៊ិច(ខ)នោះទារកនឹងមានក្រូម៉ូសូមអ៊ិចចំនួន២ ហើយនឹងកើតបានកូនស្រី។ ហើយបើសិនជាស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមាន ក្រូម៉ូសូមអ៊ីក្រិច(យ) នោះទារក នឹងមានក្រូម៉ូសូមអ៊ិចចំនួនមួយ និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ កូនដែលនឹងកើតមកនឹងមានភេទប្រុស។
បណ្ដាំផ្ញើ ៖ អ្វីដែលបានរៀបរាប់មកនេះ ជាមូលដ្ឋានគ្រឹះសម្រាប់បន្ដស្វែងយល់និងអនុវត្ដវិធីសាស្ដ្រចង់ បានកូនប្រុសឬកូនស្រីតាម ប្រាថ្នា។ ទាក់ទងទៅនឹងមូលហេតុចង់បានកូនប្រុសឬកូនស្រី និងវិធីសាស្ដ្រឬបច្ចេកទេសចង់បានកូនប្រុសឬកូនស្រីសូមរង់ចាំ អាន ទស្សនាវដ្ដី សុខភាពយើង លេខក្រោយៗទៀតដោយអនុគ្រោះ។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ សុខភាពកម្ពុជា (ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨)
No comments:
Post a Comment