Wednesday, November 20, 2013

ពេលវេលា​ដែលអាច​ពពោះ​ថ្មីទៀត

ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត! នាងខ្ញុំ​ទើបតែ​សម្រាល​កូនបាន​២សប្ដាហ៍ ប្ដី​របស់​នាងខ្ញុំ​ចង់បាន​កូនមួយ​ទៀត។ តើ​ពេលវេលា​ណាទៅ​ដែលយើង​ទាំងពីរនាក់​អាចយក​កូនបាន? សូម​អរគុណ​លោកគ្រូ។
 
លោក​ស្រី ល. ម. ន អាយុ​២៥ឆ្នាំ ខេត្ដ​កំពង់ចាម

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ តាមពិត ប្អូនស្រី​អាចធ្លាក់​មេជីវិត​ឬអូវុល និង​អាចមាន​ផ្ទៃពោះ​ជាថ្មីបាន​នៅប៉ុន្មាន​តែ២​ឬ៣ សប្ដាហ៍​ក្រោយពេល​សម្រាលតែ​ប៉ុណ្ណោះ។ តាម​លក្ខណៈ​វេជ្ជសាស្ដ្រ បើមាន​ការ​រួមភេទ​ប្អូនស្រី​អាចមាន​ផ្ទៃពោះ​បាន​មុនពេល​ដែល​ប្អូនស្រីមក​ រដូវ​ជាថ្មី ពីព្រោះ​ថាការ​ធ្លាក់មេជីវិត​ដែលអាច​បង្កកំណើត​បានគឺ​កើតមាន​២សប្ដាហ៍​ មុនពេល​មករដូវ។

ម្យ៉ាងទៀត​វាទាក់ទង​ផងដែរ​ទៅនឹង​ការបំបៅ​ទឹកដោះ​កូន ការ​បំបៅដោះ​កូនអាច​កាត់​បន្ថយការ​មាន​ផ្ទៃពោះ​របស់​ម្ដាយ​បែប​ធម្មជាតិ។ ការ​បំបៅដោះ​នាំឱ្យ​ស្ដ្រី​មិនមក​រដូវ តែ​វិធីសាស្ដ្រ​ពន្យារ​កំណើត​បែប​ធម្មជាតិ​មួយនេះ​មិនមាន​ប្រសិទ្ធភាព​ ១០០%នោះ​ទេ។ ជាទូទៅ​វិធីសាស្ដ្រ​នេះអាច​ប្រើប្រាស់បាន​ប្រសិទ្ធភាព​តែ​ករណី​រយៈពេលខ្លី​ ដែល​ទារក​កំពុង​បៅ​រយៈពេល​ក្រោម​៦ខែ ការ​បំបៅ​បាន​ទៀងទាត់​មិនមាន​លាយការ បំបៅ​ដោយ​បំពង់​ទឹកដោះគោ និងស្ដ្រី​មិនទាន់​មករដូវ​នៅឡើយ។ រីឯ​ចង្វាក់​នៃការ​បំបៅ​គឺត្រូវ​ថេរ​រៀងរាល់​៤ម៉ោង​ម្ដង​នៅពេល​ថ្ងៃ និង​រៀងរាល់​៦ម៉ោង​ម្ដង​នៅពេល​យប់។

ទាក់ទង​នឹងការ​ដែលប្ដី​ប្រពន្ធ​របស់​ ប្អូនស្រី​ចង់បាន​កូនថ្មី​មួយទៀត គឺជាការ​សម្រេចចិត្ដ​ដ៏សំខាន់ ប៉ុន្ដែ​ការឆាប់​យកកូន​ពេក ពិតជា​មិនល្អ​នោះទេ។ ព្រោះថា​ប្រហែល​ជាប្អូនស្រី​មិន​ទាន់បាត់​ការ​ឈឺចាប់​ពេល​សម្រាល​ផង ហើយ​ម្យ៉ាងទៀត​ការមាន​កូនញឹកពេក​គឺ ជាបន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​ប្ដីប្រពន្ធ​ប្អូនស្រី​ផងដែរ។

អ្វីដែល​សំខាន់ បើ​មិនទាន់​ចង់បាន​កូនគឺ​ត្រូវប្រើ​វិធី​ពន្យារ​កំណើត​ត្រឹមត្រូវ​ពិត​ ប្រាកដ មួយ។ តាម​វេជ្ជសាស្ដ្រ ប្អូនស្រី​អាចចាប់​មានការ​រួមភេទ​ជាមួយ​ស្វាមី​បាន​ចាប់ពី​សប្ដាហ៍​ទី៦​ ក្រោយ​សម្រាល។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព៖ សុខភាពកម្ពុជា(ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១)

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks