រាជធានីភ្នំពេញ ៖ សមាគមកំចាត់រោងរបេងកម្ពុជា
បានទទួលរថយន្តវិទ្យុសាស្ត្រមួយគ្រឿងពីសមាគមកំចាត់រោគរបេងជប៉ុន
កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ២០១៣
ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ម៉ម ប៊ុនហេង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ រថយន្តដែលផ្តល់ជូននេះ
ដើម្បីឱ្យមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងយកទៅប្រើប្រាស់
ដើម្បីស្រាវជ្រាវស្វែងរកបងប្អូនប្រជាពលរដ្ឋដែលមានរោគរបេង
និងដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលាក្នុងគោលបំណងកាត់
បន្ថយជំងឺរបេងនៅកម្ពុជាយើង ។
លោកម៉ៅ តាន់អ៊ាង
នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
បានមានប្រសាសន៍ថា
នេះជាលើកទី២ហើយសមាគមកំចាត់រោគរបេងជប៉ុនបានធ្វើការប្រគល់
អំណោយដល់សមាគមកំចាត់រោគរបេងកម្ពុជា ដែលកាលពីឆ្នាំ២០០១
បានប្រគល់អំណោយស្រដៀងគ្នាដែរ ។ ការប្រគល់រថយន្តវិទ្យុសាស្ត្រនេះ
គឺជាទុនមួយដល់សមាគមកំចាត់រោងរបេងសម្រាប់ធ្វើប្រតិបត្តិការ
ដែលវាជាប្រភេទរថយន្តសម្រាប់ថតសួតជាលក្ខណៈឌីជីថល
ដោយមិនប្រើហ្វីល ។
លោកបន្តថា រថយន្តនេះ
ពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជាយើង
ដោយសារតែពេលបច្ចុប្បន្ននេះ សមាគមកំចាត់រោគរបេងកម្ពុជា
កំពុងតែតាមដានរកជំងឺរបេងបែបសកម្មនៅតាមសហគមន៍
ដូចនេះនៅពេលទទួលបានរថយន្តនេះនឹងធ្វើឱ្យពួកគេកាន់តែមានភាព
ងាយស្រួលក្នុងការតាមដានរកជំងឺរបេង ។
លោកទេសរដ្ឋមន្ត្រី ម៉ម ប៊ុនហេង
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន
អង្គការ JICA វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងប្រទេសជប៉ុន
អង្គការមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍-របេង និងគ្រុនចាញ់
USAID អង្គការ USCDC និងអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការដទៃ
និងសប្បុរសជននានា ដែលរាប់បញ្ចូលទាំងក្រុមហ៊ុន MARUHAN
ដែលបាននិងកំពុងគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺ
របេង ។
លោកថ្លែងថា រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA
និងភ្នាក់ងារដទៃទៀត ក៏ដូចជាសមាគមនានានៃប្រទេសជប៉ុន
បាននិងកំពុងជួយឧបត្ថម្ភយ៉ាងច្រើនដល់វិស័យសុខាភិបាល
ដែលក្នុងនោះរាប់បញ្ចូលទាំងការពង្រឹងប្រព័ន្ធសុខាភិបាល
ការងារសុខភាពមាតានិងទារក សុខភាពបន្តពូជ ការងារចាក់ថ្នាំបង្ការ
ព្រមទាំងការងារប្រយុទ្ធនឹងជំងឺឆ្លងផ្សេងៗ ។
ចំពោះការងារកំចាត់ជំងឺរបេងជប៉ុន
គឺជាភាគីមួយដ៏ចម្បងក្នុងចំណោមភាគីធំៗទាំងឡាយរបស់កម្មវិធី
ជាតិកំចាត់រោគរបេងនៃក្រសួងសុខាភិបាល ។
ប្រភពៈ SKD168
No comments:
Post a Comment