រាជធានីភ្នំពេញ ៖
ក្នុងជំនួបសម្តែងការគួរសម
និងជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ខណៈពេលបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា លោក
Marke Gooding
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍សម្តែងនូវការរំលែកទុក្ខជូនចំពោះប្រជាជន
កម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ។
ជាមួយនេះលោក
ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជា
ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរជូនចំពោះលោក
ក្នុងឱកាសដែលលោកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រ
កម្ពុជា ។ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានថ្លែងឱ្យដឹងបែបនេះ នាព្រឹកថ្ងៃទី២៦ វិច្ឆិកា
នៅវិមានសន្តិភាពក្នុងឱកាសដែលលោកឯកអគ្គរាជទូត
ចក្រភពអង់គ្លេសចូលជម្រាបលាសម្តេចតេជោនាយករដ្ឋមន្ត្រី ។
លោកឯកអគ្គរាជទូតមានប្រសាសន៍បន្តថា
ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានកើន ឡើង
ជាពិសេសលើវិស័យពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ
កើនឡើងរហូតដល់៧៥០លានដុល្លារសហរដ្ឋអាមេរិក
ក្នុងរយៈពេល៩ខែឆ្នាំ២០១៣ កន្លងមកនេះ ។ លោកឯកអគ្គរាជទូត
មានជំនឿជឿជាក់ថា
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងរហូតទៅដល់១ពាន់លាន
ដុល្លារសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ។
លោក Marke Gooding
បានគោរពសម្តែងនូវអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា
ឆ្ពោះទៅកាន់ការអភិវឌ្ឍ ។ ក្នុងន័យនេះ
លោកឯកអគ្គរាជទូតមានប្រសាសន៍ថា
អនាគតព្រះរាជាណាចក្រកម្ពុជាមានភាពវិជ្ជមានយ៉ាងខ្លាំង ។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានថ្លែងអំណរគុណលោកឯកអគ្គរាជទូតចក្រភពអង់គ្លេស
ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងចក្រភពអង់គ្លេសបានល្អ ទាំងខាងនយោបាយ
និងទាំងខាងពាណិជ្ជកម្ម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជាថ្មីម្តង
ទៀត
និងសម្តែងនូវក្តីសប្បាយរីករាយចំពោះកំណើនពាណិជ្ជកម្មរវាង
កម្ពុជា -អង់គ្លេស ក៏ដូចជាកំណើនទេសចររបស់ចក្រភពអង់គ្លេស
មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះ
សម្តេចបានថ្លែងអំណរគុណ និងជូនពរឱ្យលោក Marke Gooding
ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មការទូតរបស់
លោកនាថ្ងៃអនាគត ។
ដោយឡែក នៅព្រឹកថ្ងៃដដែលនោះដែរ លោក
Jacques Stroun ប្រធានគណៈប្រតិភូ
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ
ក៏បានចូលជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បន្ទាប់ពីលោកបានបំពេញបេសកកម្មអស់រយៈពេលជាង៣០ឆ្នាំ
នៅព្រះរាជាណាចក្រកម្ពុជា ។
លោកប្រធានគណៈប្រតិភូបានមានប្រសាសន៍ថា
ក្នុងបេសកកម្មជាង៣០ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា
លោកបានទទួលនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អពីស្ថាប័នរាជ
រដ្ឋាភិបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការងារមនុស្សធម៌
ការងារកាកបាទក្រហម និងក្រសួងមហាផ្ទៃ ។ លោកJacques Stroun
បានមានប្រសាសន៍ទៀតថា លោកមានមោទនភាពណាស់
ចំពោះកិច្ចសហប្រតិបត្តិការដែលរាជរដ្ឋាភិបាលកម្ពុជា
បានផ្តល់ជូនលោក ។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន មានប្រសាសន៍ថា លោក Jacques Stroun
បានចំណាយពេលប្រមាណពាក់កណ្តាលជីវិតរបស់លោកជួយធ្វើការបម្រើ
ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោក Jacques Stroun
និងបានជូនពរជាថ្មីម្តងទៀត
សូមឱ្យលោកទទួលបានជោគជ័យក្នុងភារកិច្ចរបស់លោកជា
បន្តបន្ទាប់ទៀត ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment