Wednesday, November 20, 2013

ការ​អ៊ុតសក់​រួញ

សក់​គឺជាផ្នែក​មួយដ៏សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប មិនថា​ក្មេង​មិនថា​ចាស់ឡើយ ដូច្នេះ​បានជា​នៅពេល​ដែលមាន​កម្មវិធី​ពិសេស​ម្ដងៗ លោកស្រី​អ្នកនាង​កញ្ញា​ឧស្សាហ៍​ធ្វើសក់ ដោយការ​ធ្វើម៉ូដ​សក់​តែងតែ​មាន​លក្ខណៈ​ខុសៗគ្នា​ទៅតាម​ចំណង់​ចំណូលចិត្ដ​ រៀងៗខ្លួន ក្នុងនោះ​ក៏មានការ​អ៊ុតសក់​រួញ​ផងដែរ។ 


ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកស្រី សុខ ហៀង ម្ចាស់​ហាងកែសម្ផស្ស សុខ ហៀង ធ្វើការ​បកស្រាយ​អំពី​របៀប​នៃការ​អ៊ុតសក់​រួញ។

 ការ​អ៊ុតសក់​រួញ​ជាអ្វី?
ភាព​ស៊ីវិល័យ ភាពទាន់​សម័យ ភាព​ទាក់ទាញ មិនអាច​មើល​តែទៅលើ​សម្លៀក​បំពាក់ និង​ទ្រព្យសម្បត្ដិ​តែប៉ុណ្ណោះ តែសក់​ក៏ជាផ្នែក​មួយនៃការ​តុបតែង​ខ្លួន​ផងដែរ។ នារី​គ្រប់រូប​រមែង និង​រចនាម៉ូដ​សក់​ទៅតាម​ស្ទីលរៀងៗ​ខ្លួន ការ​អ៊ុតសក់​រួញក៏ជា​កត្ដា សំខាន់​សម្រាប់​លម្អ​នារីគ្រប់រូប​ឱ្យសក្ដិសម​ទៅនឹង​រូបរាង​របស់​លោកស្រី​ អ្នកនាង​កញ្ញា។

របៀប​អ៊ុត​សក់រួញ
ដំបូងឡើយ​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវ​ពិនិត្យ​ទៅលើ​សរសៃសក់​ជាមុនសិន​ ដើម្បី​ងាយស្រួល​ក្នុងការ​លាបថ្នាំ​សក់ ចៀសវាង​ការ​លាយថ្នាំ​ខុស ធ្វើឱ្យ​ឆេះ​សរសៃ​សក់ បន្ទាប់មក​ត្រូវ​កក់សក់​ឱ្យស្អាត​ដែលគ្មាន​ជាតិ​បន្ទន់ និង​ផ្លុំសក់​ឱ្យស្ងួត​១០០​ភាគរយ
  • សូម​ចាប់ផ្ដើម​ចែក​សក់ជា​ចំណែកៗ សក់ស្ដើង​ចែកជា​ប្រាំ​ចំណែក សក់​ក្រាស់ចែកជា​ប្រាំបី​ចំណែក
  • ចាប់សក់​ស្ដើងៗ​ជាបន្ទះ​ឆ្នូតៗ
  • មូរសក់​ឱ្យត្រូវ​តាមតម្រូវចិត្ដ​ភ្ញៀវ
  • ក្នុងការ​មូរសក់​ត្រូវមូរ​សក់បណ្ដើរ​លាបថ្នាំ​សក់ចូល​បណ្ដើរ
  • ចំពោះសក់​ដែលមា​នភ្លីធំ​ត្រូវទុក​រយៈពេល​មួយម៉ោង ចំពោះសក់​ដែលមាន​ភ្លីតូច​ត្រូវទុក​រយៈពេល​ពីមួយម៉ោង​ទៅមួយ​ម៉ោង​ដប់នាទី
  • ក្រោយមក​ដោះសក់​មូរចេញ និង​ចាប់ផ្ដើម​លាង​សក់
  • ហើយ​ផ្លុំឱ្យ​ស្ងួតបន្ទាប់​មកផ្លុំ​ប៊ីយូឡុង
  • កាត់​ម៉ូដសក់ ដើម្បី​ឱ្យសក់​កាន់ម៉ូដ​ជាប់ និងតាម​ទម្រង់​មុខ។
ដំបូន្នាន​អ្នក​ប្រឹក្សា
សូម​លោកស្រី​អ្នកនាង​កញ្ញា​គ្រប់រូប​ជ្រើសរើស​កន្លែង​អ៊ុតសក់​ដែលមាន​ ស្ដង់ដា មាន​បទពិសោធន៍​ខ្ពស់ និងមាន​ជំនាញ​ច្បាស់លាស់ ជាពិសេស​ផ្ដោត​ទៅលើ​មេជាង និង​កូនជាង។ កត្ដា​សំខាន់​ដែល​លោកស្រី​អ្នកនាង​កញ្ញា​គួរចំណាំ​នោះ គឺ​ផលិតផល​ថ្នាំ​អ៊ុតសក់ ចៀសវាង​ការក្លែង​បន្លំ​ថ្នាំហួស​កាល​បរិច្ឆេទ។ សូមឱ្យ​ម្ចាស់ហាង​គ្រប់រូប​មេត្ដា​ប្រើប្រាស់​ផលិតផល​ពិតប្រាកដ និងស្រប​ទៅតាម​នីតិវិធី ច្បាប់​ជាកំហិត ចៀសវាង​បង្ក​គ្រោះថ្នាក់​ជាយ​ថាហេតុ​ដល់​អតិថិជន។

ប្រភពៈ សុខភាពកម្ពុជា

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks